អ្នកនិយាយព័ត៌មាននៅភីអ៊ិនអ៊ិន លោកអ៊ុក ពិសិដ្ឋ ស្រក់ទឹកភ្នែករន្ធត់ចិត្តខ្លាំង ព្រោះកូនប្រុសទើបតែកើតបាន៤០ថ្ងៃ ស្រាប់តែកើតជម្ងឺកាចសាហាវមួយនេះ

អ្នកនិយាយព័ត៌មាននៅភីអ៊ិនអ៊ិន លោកអ៊ុក ពិសិដ្ឋ ស្រក់ទឹកភ្នែករន្ធត់ចិត្តខ្លាំង ព្រោះកូនប្រុសទើបតែកើតបាន៤០ថ្ងៃ ស្រាប់តែកើតជម្ងឺកាចសាហាវមួយនេះ

នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ អ្នកនិយាយព័ត៌មានប្រចាំស្ថានីយទូរទស្សន៍ ភីអ៊ិនអ៊ិន លោក អ៊ុក ពិសិដ្ឋ បានបង្ហោះសារដ៍រំជួលចិត្តមួយ ក្រោយពីកូនប្រុសដែលទើបតែកើតបានរយៈពេល៤០ថ្ងៃ ស្រាប់តែមានជម្ងឺបេះដូងរីកទៅវិញ។ ដោយអ្នកយកព័ត៌មានរូបនេះបានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖

“ដរាបណាបេះដូងកូននៅដើរ ដង្ហើមកូននៅមាន ប៉ានៅតែមានក្តីសង្ឃឹម និងប្រឹងប្រែងគ្រប់មធ្យោបាយ គ្រប់វិនាទី ដើម្បីស្វែងរកការព្យាបាលកូន ទោះជម្ងឺកូនធ្ងន់ធ្ងរយ៉ាងណាក្តី។ សម្រាប់ជីវិតប៉ា គឺមិនអាចរស់នៅដោយបាត់បង់សមាជិកណាម្នាក់នៃក្រុមគ្រួសារដ៏តូចរបស់យើងបានទេ។ កូនដឹងទេ កូនបានមកនៅជាមួយប៉ា និងគ្រួសារយើងបានជាង ៤០ថ្ងៃ បូក ៩ខែ ១០ថ្ងៃផ្សេងទៀត ដែលកូននៅក្នុងពោះម៉ាក់កូនប្រកបដោយភាពកក់ក្តៅ និងសប្បាយរីករាយ ដូច្នេះកូនមិនអាចចាកចេញពីប៉ា ម៉ាក់ និងបងស្រីរបស់កូនបានទេ។

កូនសម្លាញ់ កាតព្វកិច្ចកូន គឺជូនដំណើរប៉ានៅពេលប៉ាចាស់ទៅ មិនមែនប៉ាត្រូវជូនដំណើរកូននោះទេ ដូចច្នេះ កូនត្រូវតែប្រឹងដកដង្ហើម ដើម្បីបន្តដំណើរទៅមុខទៀតជាមួយប៉ា ម៉ាក់ និងបងស្រីកូន។ ប៉ា និងម៉ាក់ យំស្ទើររីងទឹកភ្នែកទៅហើយនាកាលៈទេសៈនេះ តែប៉ា និងម៉ាក់ នៅតែមានក្តីសង្ឃឹម និងរឹងម៉ាំ ដើម្បីដឹកដៃកូនបន្តដំណើរទៅមុខទាំងអស់គ្នា។ ប៉ាសរសេរសំណេរនេះ ខណៈដែលទឹកភ្នែកប៉ាកំពុងហូរ ជាមួយនឹងការឈឺចាប់រកអ្វីមកប្រៀបមិនបាន”។ ក្រោយពីបានបង្ហោះសារជាមួយនឹងដំណឹងបែបនេះមានមហាជនជាច្រើនបានធ្វើការសាកសួរនូវស្ថានភាពសុខភាពទារក និងធ្វើការជូនពរឲ្យកូនប្រុសលោកឆាប់ជាសះស្បើយពីជម្ងឺមួយនេះផងដែរ៕